គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី គ.ជ.ប ស្តីពី «ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»

12-07-2025 11:25

(ព្រះសីហនុ)៖ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃ អអព.ទស នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ឆ្នាំ២០២៥ ស្តីពី «ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងការសិក្សាស្រាវជ្រាវត្រៀមរៀបចំ ចងក្រងនឹងបង្កើតមាតិកាអប់រំអ្នកបោះឆ្នោត ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងការលើកកម្ពស់ការយល់ដឹងអំពីលទ្ធិប្រជាធិតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ដើម្បីជាគុណប្រយោជន៍ដល់អ្នកបោះឆ្នោត សាធារណជន ភាគីពាក់ព័ន្ធ និងអ្នកសិក្សាស្រាវជ្រាវ។

ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៅតាមអង្គភាពជំនាញ លោកគ្រូឧទ្ទេស, ប្រធាន លធ.ខប លោក លោកស្រីប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ និងអ្នករាជការ គ.ជ.ប នៅសាលប្រជុំរដ្ឋបាល ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។

លោក ស៊ុំ ប៊ុនហុង សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត និងអង្គភាពពាក់ព័ន្ធ ដែលបានសហការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នករាជការ គ.ជ.ប នេះឡើង។ តាមរយៈការចូលរួមក្នុងការងារបោះឆ្នោត ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោត មួយប្រជាពលរដ្ឋខ្មែរ សាធារណជន និងភាគីពាក់ព័ន្ធកាន់តែមានការយល់ដឹងពីការបោះឆ្នោត ការប្រើប្រាស់សិទ្ធិ តួនាទី និងភារកិច្ច ក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា។ ការងារអប់រំ និងការងារផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធានានូវតម្លាភាពនៃការបោះឆ្នោត។ នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ គឺជាឆ្នាំដែល គ.ជ.ប ត្រូវត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា បេសកកម្មរបស់ គ.ជ.ប គឺអនុវត្តការងាររៀបចំចាត់ចែង និងគ្រប់គ្រងដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត ដោយអនុលោមតាមច្បាប់ បទបញ្ជា នីតិវិធី និងគោលការណ៍នានា ប្រកបដោយបរិយាបន្នស្របតាមច្បាប់ជាធរមាន។ ពីមួយឆ្នាំ ទៅមួយឆ្នាំ កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខ គឺឆ្ពោះទៅពង្រឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់ តាមការកំណត់នៃច្បាប់។ ការងារអប់រំ ការងារផ្សព្វផ្សាយ និងការងារទំនាក់ទំនងសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបាននៅគ្រប់ដំណាក់កាលនីមួយៗនៃដំណើរការបោះឆ្នោតហើយការងារទាំងនេះមិនត្រឹមតែជាការផ្តល់ចំណេះដឹងពីការបោះឆ្នោតដល់ក្រុមគោលដៅប៉ុណ្ណោះទេ តែវាគឺជាការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងពីគ្រប់ភាគីពាក់ព័ន្ធ មកលើការបោះឆ្នោតតាមរយៈការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។