រដ្ឋសភា អនុម័តបញ្ចូលសំណើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធការដកសញ្ជាតិ ទៅកិច្ចប្រជុំពេញអង្គដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែកក្កដាខាងមុខ
08-07-2025 17:04
(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការរដ្ឋសភា ដើម្បីពិនិត្យលើលទ្ធផលរបាយការណ៍របស់គណៈកម្មការជំនាញនៃរដ្ឋសភា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ បានពិនិត្យសិក្សាលើសំណើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្ត្រហត្ថលេខីទាំង១២៥រូប ដែលស្មើនឹង១០០ភាគរយ នៃតំណាងរាស្ត្រសរុបមកពីចម្រុះគណបក្សទាំងអស់ មានអាសនៈក្នុងរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាត ឲ្យមានការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្ត អំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិត ជាមួយបរទេស។