រុស្ស៉ី បញ្ជាក់ឡើងវិញពីបំណងជួយដល់អ៉ីរ៉ង់ ក្នុងការដោះស្រាយជម្លោះ និងកម្មវិធីនុយក្លេអ៊ែរ (Video inside)

07-07-2025 04:31

(Rio, ប្រេស៉ីល)៖ ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងថា លោករដ្ឋមន្រ្តី Sergei Lavrov បានជួបរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi នៅឯកិច្ចប្រជុំ BRICS កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ និងបានរំលឹកឡើងវិញពីបំណងជួយដោះស្រាយជម្លោះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ ២០២៥។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ថា ក្នុងពេលជួប លោក Araqchi នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៉ីល លោក Lavrov បានរិះគន់ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ដែលមានការជួយពីសំណាក់សហរដ្ឋអាមេរិក។ លោក Lavrov ក៏បានសង្កត់ធ្ងន់ថា បញ្ហាទាំងអស់ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ត្រូវតែដោះស្រាយតាមរយៈមធ្យោបាយការទូត។

អ៉ីរ៉ង់ បានច្រានចោល​នូវការចោទប្រកាន់​ ដែលថាខ្លួនចង់អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ខណៈរុស្ស៉ីនិយាយថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការដើរតួជាអ្នកសម្រុះសម្រួលក្នុងវិបត្តិនេះ ជាមួយនិងការគាំទ្រឱ្យអ៉ីរ៉ង់បន្តការផលិតសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន៕